ប្រជាពលរដ្ឋ៣៥០គ្រួសារ ទទួលអំណោយកញ្ចប់អាហារស្រាយបួសខែរ៉ម៉ាឌនពីសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា សហការជាមួយធនាគារ អេប៊ីអេ(ABA)
========================
នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ លោក សាម៉ាន សេន នាយកប្រតិបត្តិនៃសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីចែកកញ្ចប់អាហារស្រាយបួស ខែរ៉ម៉ាឌនជូនដល់បងប្អូនសាសនិកឥស្លាមដែលមានជីវភាពខ្វះខាតចំនួន ២៥០ គ្រួសារ ស្ថិតនៅភូមិរកាលើ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម និង១០០គ្រួសារនៅភូមិបឹងទន្សោង ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស្លេះ ពុនយ៉ានមីន សមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគ២ និងជាជំនួយឧបត្ថម្ភពីសំណាក់ ធនាគារ អេប៊ីអេ (ABA Bank)។ក្នុងឱកាសដ៏វិសេសវិសាលនេះ លោក សាម៉ាន សេន នាយកប្រតិបត្តិ ក៏បាននាំមកនូវប្រសាសន៍សួរសុខទុក្ខ និងសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជូនចំពោះបងប្អូនក្នុងសហគមន៍។ ទន្ទឹមនឹងនេះ លោកក៏បានណែនាំអំពីបេសកកម្មរបស់សមាគម តាមរយៈកម្មវិធី «CATA FOOD BANK» ដែលផ្តោតសំខាន់លើការពង្រឹងស្មារតីជួយយកអាសារគ្នាទៅវិញទៅមក និងការលើកកម្ពស់កម្រិតជីវភាពក្នុងសហគមន៍ឥស្លាមឱ្យកាន់តែប្រសើរឡើង៕