Takaful Cambodia

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា ជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី ស្ដីពីការអនុវត្តកម្មវិធីគម្រោង “លុយខ្ញុំស្អាត”
=====
នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៥ សមាគមអាម៉ាណះតាកាហ្វុលកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី ស្ដីពីការអនុវត្តកម្មវិធីគម្រោង “លុយខ្ញុំស្អាត” ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសនិងជាប្រធានក្រុមប្រឹក្សាសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា(CATA) នៅស្នាក់ការកណ្តាល ធនាគារ អេស៊ីលីដា ភីអិលស៊ី ស្ថិតនៅមហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយមានអ្នកអញ្ជើញចូលរួមចំនួន ៣៤៥ នាក់។
អនុស្សរណៈនៃការយោគ យល់គ្នានេះ ជាការឆ្លុះបញ្ចាំងនៃការប្តេជ្ញាចិត្តនៃភាគីទាំងពីរ ដើម្បីផ្តល់ជូននូវសេវាហិរញ្ញវត្ថុ ស្របតាម គោលការណ៍ច្បាប់ឥស្លាម និងអាចគ្រប់គ្រងហិរញ្ញវត្ថុរបស់សមាជិក CATA ទាំងអស់ដោយគ្មានការប្រាក់។ ភាពជាដៃគូនេះ ក៏បានផ្តល់ជូននូវដំណោះស្រាយប្រកបដោយតម្លាភាព សុវត្ថិភាព ដោយ ធនាគារនឹងផ្តល់ជូននូវសេវាកម្មធនាគារដែលគោរពតាមច្បាប់សារីអះ ដែលអនុញ្ញាតឱ្យបងប្អូនខ្មែរ ឥស្លាមអាចដាក់ប្រាក់សន្សំដោយមិនទទួលការប្រាក់ ឫត្រូវបានកាត់ចេញដោយស្វ័យប្រវត្តិ ចូលទៅ គណនី CATA ដែលមាននៅ ធនាគារ អេស៊ីលីដា កម្មវិធីគម្រោង “លុយខ្ញុំស្អាត” សម្រាប់ប្រើ ប្រាស់នៅក្នុងគម្រោងសហគមន៍ និងសកម្មភាពសប្បុរសធម៌នានា ដែលអនុលោមតាមច្បាប់ឥស្លាម។
លោកបណ្ឌិត អ៊ិន ចាន់នី បានថ្លែងបន្តថា អនុស្សរណៈនៃការយោគយល់គ្នានេះ គឺស្របតាមទស្សនៈ និងបេសកកម្មរបស់ធនាគារ អេស៊ីលីដាជាធនាគារពាណិជ្ជនាំមុខដែលលោកអ្នកជឿទុកចិត្តបំផុតនៅប្រទេសកម្ពុជា ក្នុងការផ្តល់ និងបម្រើសេវាកម្មហិរញ្ញវត្ថុជូនដល់សាធារណជនគ្រប់មជ្ឈដ្ឋានក្នុងសហគមន៍ ។ ជាក់ស្តែងជាមួយសហគមន៍ខ្មែរឥស្លាម ដែលធនាគារបានប្តេជ្ញាចិត្តខ្ពស់ ក្នុងការបម្រើសេវាកម្មអស់ពីដួងចិត្ត តាមចុក្ខវិស័យរបស់ខ្លួន ហើយជាពិតណាស់ធនាគារ បានបម្រើសេវាកម្មដល់បងប្អូនឥស្លាមនៅទូទាំងប្រទេសរួចមកហើយ ប៉ុន្តែក្នុងវិធីថ្ងៃនេះ គឺជាកម្មវិធីផ្លូវការ ដែលនឹងពង្រីកកិច្ចសហប្រតិបត្តិការ និងបម្រើសេវាកម្មឱ្យបានជ្រាលជ្រៅឱ្យដល់សហគមន៍ខ្មែរឥស្លាម ទៅតាមគោលការណ៍ច្បាប់ឥស្លាមផង ហើយត្រូវនឹងទៅច្បាប់បទបញ្ញប្បត្តិ នៃជាតិផងដែរ។
ចំណែក ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់
ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសនិងជាប្រធានក្រុមប្រឹក្សាសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា(CATA) បានថ្លែងថា បច្ចុប្បន្ន នៅកម្ពុជា មានពលរដ្ឋខ្មែរ-ឥស្លាមសរុបជាង ៨០ម៉ឺននាក់ ប៉ុន្ដែ ការប្រើប្រាស់សេវាធនាគារ សម្រាប់ពួកគាត់ គឺមិនសូវមានភាពទូលំទូលាយនោះឡើយ ដោយសារមានការខ្លាចក្រែដាក់ថវិកា នៅក្នុងធនាគារ មានការពាក់ព័ន្ធនឹងការប្រាក់ និងលុយអត្ថប្រយោជន៍ផ្សេងៗពីធនាគារ ដែលមិនសមស្របជាមួយនឹងច្បាប់ឥស្លាម ដោយអ្នកខ្លះមិនដាក់នោះទេ ហើយសន្សំដាក់សន្សំដាក់នៅផ្ទះ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមថា តាមរយៈកម្មវិធីគម្រោង «លុយខ្ញុំស្អាត» ដែលទើប តែបានដាក់ឱ្យ ប្រើប្រាស់ ដោយធនាគារ អេស៊ីលីដា ក្រោមការសហការជាមួយនឹង សមាគម អាម៉ាណះតាកាហ្វុល កម្ពុជា នឹងជួយសម្រួលឱ្យពលរដ្ឋខ្មែរ-ឥស្លាមទាំងអស់ អាចមានលទ្ធភាពប្រើប្រាស់ សេវាធនាគារបាន យ៉ាងងាយស្រួល សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ ពិសេសអាចទុកដាក់ប្រាក់កាស របស់ពួកគាត់បាន យ៉ាងងាយស្រួល មានសុវត្ថិភាពបំផុត និងជៀសផុតពីការបាត់បង់ ដោយយថាហេតុ។ ឯកឧត្តមបណ្ឌិតបានថ្លែងបន្តថា ប្រាក់កម្រៃដែលទទួលបានពីគម្រោងខាងលើ នឹងផ្តល់អត្ថប្រយោជន៍រួមដល់សហគមន៍ ក៏ដូចជាសង្គមទាំងមូល ដូចជាសម្រាប់សាងសង់ផ្លូវថ្នល់ បង្គន់អនាម័យ ដាក់សូឡាបំភ្លឺផ្លូវនៅតាមសហគមន៍ និងផ្សេងៗទៀត។
គួរឱ្យដឹងដែរថា ធនាគារ អេស៊ីលីដា ជាធនាគារពាណិជ្ជខ្មែរដ៏ធំជាងគេ ដែលបាន និងកំពុងចាក់ឫសយ៉ាងជ្រៅ និងរឹងមាំ នៅក្នុងវិស័យ ធនាគារ និងហិរញ្ញវត្ថុ ហើយបានបន្តផ្តោត លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធនាគារអេឡិចត្រូនិករបស់ខ្លួន កាន់តែខ្លាំងក្លា ពីមួយឆ្នាំទៅមួយឆ្នាំ។ គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៤ នេះ ធនាគារ អេស៊ីលីដា មានទ្រព្យសកម្មសរុបចំនួនជាង ១០,៨៣ប៊ីលានដុល្លារអាមេរិក ប្រាក់បញ្ញើសន្សំសរុបចំនួន ៨,៣៦ប៊ីលានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៥,៥២លាននាក់។ ធនាគារ អេស៊ីលីដា មានដៃគូអាជីវកម្មសរុប ច្រើងជាង ០,៥៥លានដៃគូ និងមានអ្នកប្រើប្រាស់អេស៊ីលីដា ស៊ូភើអេប សរុបចំនួនជាង ៤,៥៤ លាននាក់៕